ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី បានរៀបចំដំណើរកម្សាន្តក្រុមហ៊ុនដ៏ធំរបស់ខ្លួនជាលើកដំបូង ប្រចាំឆ្នាំ ២០២០ ដែលមានរយៈពេល ២យប់៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ ខែកញ្ញា ឆ្នាំ២០២០។ ជាមួយដំណើរកម្សាន្តដ៍សប្បាយរីករាយមួយនេះ មានការចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃ ស៊ីប៊ី អ៊ីនសួរេន ក្នុងគោលបំណងលើកទឹកចិត្តបុគ្គលិក បង្កើនភាពស្និទ្ធស្នាល និង ទំនុកចិត្តជាមួយស៊ីប៊ី អ៊ីនសួរេន ក៏ដូចជាបង្រួមសាមគ្គីក្រុមឱ្យកាន់តែរឹងមាំបន្ថែម។
ដំណើរកម្សាន្តក្រុមហ៊ុនលើកដំបូងមួយនេះ បានផ្សារភ្ជាប់បុគ្គលិកជាមួយនិងសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា ដោយការនាំបុគ្គលិកទៅ ទស្សនានៅតាមតំបន់រមណីយដ្ឋានជាច្រើនកន្លែង ដែលមានដូចជា ប្រាសាទសម្បូរព្រៃគុហ៍ ប្រាសាទជ្រៃ ប្រាសាទបន្ទាយស្រី ប្រាសាទបាគង និងប្រាសាទអង្គរវត្តជាដើម៕ ក្នុងនោះដែរ ក៏មានការបែងចែកជាក្រុមតូចៗ ដើម្បីធ្វើកិច្ចពិភាក្សាពីប្រធានបទដែលក្រុមហ៊ុនបានកំណត់ និងមានភាពងាយស្រួលក្នុងការលេងហ្គេមផ្សេងៗផងដែរ។ ក្រុមនិមួយៗបានធ្វើបទបង្ហាញពីការតាំងចិត្ត ការរំពឹងទុក និងផ្តល់ជាមតិយោបល់ដើម្បីឈានទៅភាពជោគជ័យជារួមសម្រាប់ក្រុមហ៊ុនទាំងមូល។
រាត្រីសមោសរជាមួយនិងការពិសាភោជនាហារពេលល្ងាចនៅឯ Lotus Blanc Resort ក្នុងថ្ងៃទី២នៃដំណើរកម្សាន្ត បានញ៉ាំងកម្មវិធីឱ្យពោរពេញដោយភាពសប្បាយរីករាយ និងការចងចាំ។ កម្មវិធី CB’s Got Talent ត្រូវបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ដោយបុគ្គលិកនៅតាមក្រុមនិមួយៗ បានឡើងសម្តែង និងបញេ្ចញសមត្ថភាពទៅតាមទេពកោសល្យរបស់ពួកគេ។ ក្នុងនោះក៏មានការរៀបចំប្រគល់រង្វាន់ក្នុងតំណែង CB Prince & Princess និង CB King & Queen ទៅដល់បុគ្គលិកដែលមានការស្លៀកពាក់លេចធ្លោ និងស័ក្តិសមជាងគេនៅក្នុងរាត្រីនោះ។ រង្វាន់ Sleeping Beauty ក៏ត្រូវបានប្រកាសផងដែរ សម្រាប់បុគ្គលិកដែលគេងលក់មិនដឹងខ្លួននៅតាមផ្លួវមកកាន់ខេត្តសៀមរាប ហើយមានសភាពទាក់ទាញជាងគេ។
ដំណើរកម្សាន្តក្រុមហ៊ុននេះបានបញ្ចប់ទៅដោយរលូនប្រកបដោយស្នាមញញឹម ជាមួយនឹងអនុស្សាវរីយ៍ជាច្រើន។ ស៊ីប៊ី អ៊ីនសួរេន ជានិច្ចកាលមិនត្រឹមតែយកចិត្តទុកដាក់ជាមួយអតិថិជន តែក៏គិតគូរជានិច្ចទៅដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ក្រុមហ៊ុនសង្ឃឺមថា បន្ទាប់ពីដំណើរកម្សាន្តបានបញ្ចប់ទៅ បុគ្គលិកគ្រប់រូបនឹងមានសាមគ្គីភាព និងមិត្តភាពកាន់តែល្អប្រសើរជាងមុន ហើយគ្រប់គ្នានឹងបន្តការខំប្រឹងប្រែងបម្រើការងារ ដើម្បីផ្តល់សេវាកម្មទៅដល់អតិថិជនអោយបានកាន់តែប្រសើរតទៅមុខ៕
អត្ថបទ៖ សុខ ប៉េងហ៊ាង