ភ្នំពេញ¬ – នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី បានចូលរួមក្នុងកម្មវិធីប្រគល់អំណោយសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាធានារ៉ាប់រង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ កម្មវិធីនេះ បានរៀបចំ និងសម្របសម្រួលដោយនាយកដ្ឋានធានារ៉ាប់រង និងសោធន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិយ័តករធានារ៉ាប់រងកម្ពុជា។
គួររម្លឹកផងដែរថា ថ្ងៃទី២៥ ខែកក្កដា ត្រូវបានកំណត់ជា “ទិវាធានារ៉ាប់រង” ដែលបានធ្វើឡើងជាលើកទី១ កាលពីឆ្នាំ២០១៩ ក្នុងគោលបំណងជួយជំរុញ ទីផ្សារធានារ៉ាប់រងកម្ពុជា ឲ្យកាន់តែរីកចម្រើន និងជួយលើកកម្ពស់ការយល់ដឹង របស់សាធារណជនឲ្យកាន់តែទូលំទូលាយ ក៏ដូចជាលើកទឹកចិត្ត ដល់គ្រឹះស្ថានធានារ៉ាប់រង ដែលបានប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន ប្រកបដោយអភិបាលកិច្ចល្អផងដែរ។ ដោយឡែក នាឆ្នាំ២០២០នេះ ដោយសារការរីករាកដាលនៃជម្ងឺ កូវីដ១៩ កម្មវិធីប្រចាំឆ្នាំនេះត្រូវបានលុបចោល និងជំនួសដោយកម្មវិធីសប្បុរសធម៌វិញ។
លោក Lim Sou Pei ជាតំណាងឱ្យថា្នក់ដឹកនាំនៃ ស៊ីប៊ី អ៊ីនសួរេន បានចូលរួមជាកិត្តិយសនៅក្នុងព្រឹត្តិការនេះ និងបាននាំយកមូលនិធិជាថវិការចំនួន ២៥០០ ដុល្លារសហរដ្ឋអាមេរិក ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។ ក្រុមហ៊ុនយើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមបរិច្ចាគ និងមានវត្តមានក្នុងកម្មវិធីមួយនេះ។
ក្រុមហ៊ុនធានារ៉ាប់រ៉ងទូទៅ សុីប៊ី បន្តក្នុងការគាំទ្រដល់សុខុមាលភាព និងសុវត្ថិភាពសហគមន៍របស់យើង ដែលនេះគឺជាចំណែកមួយនៃការ បេ្តជ្ញារបស់យើងដើម្បីវិវឌ្ឍន៍ភាពនៃប្រទេសកម្ពុជារបស់យើង៕
អត្ថបទ៖ សុខ ប៉េងហ៊ាង